ប្រធានក្រុមប្រឹក្សាភិបាល
ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលត្រូវបានជ្រើសរើស និងតែងតាំងជាប្រធានថ្មី នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា
(វ.គ.ស.ក.)។ ខ្ញុំនឹងនាំយកនូវគំនិតផ្តួចផ្តើមនិងការងារថ្មីៗ សម្រាប់សមាជិកនិងដៃគូរបស់យើង ក្នុងការកសាងវិជ្ជាជីវៈគណនេយ្យឱ្យកាន់តែរឹងមាំនៅកម្ពុជា។
យើងបានស៊ូទ្រាំនឹងបញ្ហាប្រឈមរបស់យើងជាមួយគ្នាក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងអំឡុងពេល ជំងឺរាតត្បាតសកល កូវីត-19
(COVID-19) ហើយយើងរួមគ្នាយកឈ្នះលើបញ្ហាប្រឈម ទាំងនេះបានដោយជោគជ័យ និងកាន់តែរឹងមាំជាងពេលណាណាទាំងអស់។
នាពេលថ្មីៗនេះ យើងបានប្រារព្ធខួបលើកទី២០ជាមួយគ្នា។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ វ.គ.ស.ក. សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈសម្រាប់វិជ្ជាជីវៈនេះ ពោលគឺ យើងបានកសាង ហេដ្ឋារចនាសម្ព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធវិជ្ជាជីវៈដ៏សមស្រប និងធនធានមនុស្សដែលប្រកបដោយគុណវុឌ្ឍិនិងក្រមសីលធម៌វិជ្ជាជីវៈ។ សមិទ្ធផលទាំងអស់នេះបាននឹងកំពុងក្លាយជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់វិជ្ជាជីវៈគណនេយ្យបច្ចុប្បន្ន និងនាំឱ្យយើងសម្រេចបាននូវចក្ខុវិស័យប្រកប ដោយមោទនភាពនិងទំនុកចិត្ត។
ជាមួយនឹងមោទនភាពនៃសមទ្ធិផលទាំងនេះ យើងតែងតែអរគុណនិងដឹងគុណចំពោះសមាជិកស្ថាបនិក អតីតប្រធាន អតីតអនុប្រធាន អតីតសមាជិកក្រុមប្រឹក្សា សមាជិក និងក្រុមការងារលេខាធិការដ្ឋាន សម្រាប់ការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រ ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ការលះបង់ ការគាំទ្រ និងការរួមចំណែកក្នុងការនាំយក វ.គ.ស.ក. និងវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ទទួលបានលទ្ធផលដូចសព្វថ្ងៃ។
ចក្ខុវិស័យនាពេលខាងមុខ!
ជាមួយមហិច្ឆតារបស់ប្រទេសកម្ពុជាក្នុងការប្រែក្លាយទៅ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅ ឆ្នាំ២០៥០ សំណួរដ៏សាមញ្ញសម្រាប់ យើងគឺ តើវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជានឹងដើរតួនាទីដូចម្ដេចខ្លះ? ហើយតើយើងមានយុទ្ធសាស្ត្រដូចម្តេចដើម្បីសម្រេចបានមហិច្ឆតានេះ?
វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម មានតួនាទីសំខាន់ក្នុងការវិនិច្ឆ័យ និងការអនុវត្តក្នុងការកសាងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានស្ថិរភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា អាស៊ាន និងជុំវិញពិភពលោក។ ហើយយើងអាចបំពេញតួនាទីនេះបានតាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យសាធារណៈ និងឯកជន វិជ្ជាជីវៈគណនេយ្យ ភ្នាក់ងារផ្តល់ជំនួយនិងការអភិវឌ្ឍ និងផ្នែកផ្សេងៗទៀតដែលយើងអាចកសាងរចនាសម្ព័ន្ធហិរញ្ញវត្ថុ ដ៏រឹងមាំ ដែលជារចនាសម្ព័ន្ធគាំទ្រដោយស្តង់ដានៃក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តធ្វើសកម្មភាពប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ទស្សនវិស័យនាពេលអនាគតកាន់តែភ្លឺស្វាងជាមួយឱកាសជាច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមចម្បងផងដែរ ហើយដែលយើងត្រូវធ្វើការរួមគ្នាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវច្បាប់ដ៏ជាក់លាក់ រចនាសម្ព័ន្ធវិជ្ជាជីវៈត្រឹមត្រូវ និងធនធានមនុស្សប្រកបដោយគុណវុឌ្ឍិនិងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតដោយជោគជ័យ រួមទាំងបញ្ហានៃសេដ្ឋកិច្ច បច្ចេកទេស និងបច្ចេកវិទ្យា។
ខ្ញុំមានទំនុកចិត្តថាយើងនឹងមានការជួយជ្រោមជ្រែងពីសមាជិកនិងដៃគូរបស់យើង ក្នុងការអនុវត្តយុទ្ធសាស្ត្រដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃយុទ្ធសាស្រ្ត។
តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នា សម្រាប់កិច្ចគាំទ្របន្តបន្ទាប់ ហើយខ្ញុំក៏សង្ឃឹមថានឹងអាចធ្វើការជាមួយអ្នកទាំងអស់គ្នា ដើម្បីផលប្រយោជន៍វិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងប្រទេសកម្ពុជា និងអាស៊ាន។