អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន
នាព្រឹកថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. អមដោយលោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី ហង្សសូផាត ម៉ូលីហ្សាណា អនុប្រធានគណៈកម្មការចុះឈ្មោះនិងសមាជិកភាព វ.គ.ស.ក. និង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន” ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ដឹកនាំដោយឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី បែបបទ នីតិវិធីការស្នើសុំអាជ្ញាបណ្ណ និងសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ជូនដល់ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន។ ក្នុងនោះ កញ្ញា កឹង កែវពិសី ដែលជាមន្ត្រីសមាជិកភាពនៃ វ.គ.ស.ក. បានធ្វើបទបង្ហាញអំពី “សមាជិកភាពរបស់ វ.គ.ស.ក.”ផងដែរ។ កម្មវិធីនេះមានការចូលរួមពី តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជនសរុបចំនួនប្រមាណ ៣០០រូប នៅសណ្ឋាគារភ្នំពេញ ។