សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៦ លើកទី១៥ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
នៅថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៦ លើកទី១៥ របស់ខ្លួនក្រោមអធិបតីភាព លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃ វ.គ.ស.ក. ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធាន ហេរញ្ញិក និងសមាជិកក្រុមប្រឹក្សាភិបាល។
ជាកិច្ចចាប់ផ្តើម លោក ឃុន ដារិទ្ធ បានកោតសើរ និងថ្លែងអរគុណ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាសមាជិកក្រុមប្រឹក្សាភិបាល ដែលបានចំណាយពេលវេលាដ៏មាន តម្លៃចូលរួមក្នុងកិច្ចប្រជុំនេះ ប្រកបដោយស្មារតីមុតម៉ាំក្នុងការអភិវឌ្ឍវិស័យ គណនេយ្យនិងសវនកម្មនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមាននិយ័តករគណនេយ្យនិងសវនកម្មជា សេនាធិការ។ ក្រោយមានកែសម្រួលសមាភាព នៃក្រុមប្រឹក្សាភិបាលអាណត្តិទី៦ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក កិច្ចប្រជុំលើកនេះចាត់ទុកជាកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាភិបាលថ្មីនៃអាណត្តិទី៦ ដើម្បីបង្កើនទំនាក់ទំនង រៀបចំសមាភាពគណៈកម្មាធិការជាថ្មី ក៏ដូចជាស្តាប់នូវបទបង្ហាញរបស់លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃ វ.គ.ស.ក.ស្តីពី ទិសដៅ យុទ្ធសាស្រ្ត និងសមិទ្ធិផលឆ្នាំ២០២២ កន្លងមក។ ក្រោយពេលបញ្ចប់នូវបទបង្ហាញ សមាជិកក្រុមប្រឹក្សាភិបាលក៏បានផ្តល់នូវមតិយោបល់ដែលជាធាតុចូលដ៏ល្អក្នុងការអភិវឌ្ឍន៍ វ.គ.ស.ក. ប្រកប ដោយ ចីរភាព។
ជាកិច្ចបន្ទាប់ លោកប្រធានក្រុមប្រឹក្សាភិបាលបានស្នើឱ្យសមាជិកទាំងអស់សម្រេចចិត្តចូលរួមជួយចាត់ចែងនិងដឹកនាំក្នុងគណៈកម្មាធិការចំនួនបួនដែលបានបង្កើតឡើង រួមមាន៖
១ គណៈកម្មាធិការចុះឈ្មោះនិងសមាជិកភាព
២ គណៈកម្មាធិការបច្ចេកទេស
៣ គណៈកម្មាធិការអប់រំនិងបណ្តុះបណ្តាល និង
៤ គណៈកម្មាធិការស៊ើបអង្កេតនិងវិន័យ
ជាចុងបញ្ចប់លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានធ្វើការបូកសរុបលទ្ធផលនៃអង្គប្រជុំដែលសម្រេចបានពោលគឺការរៀបចំសមាសភាពគណៈកម្មាធិការថ្មី ក៏ដូចជាទទួលបាននូវធាតុចូលល្អៗ ពីសមាជិកក្រុម ប្រឹក្សាភិបាលដែលលោក មានជំនឿជឿជាក់ថា វ.គ.ស.ក. នឹងកាន់តែមានវឌ្ឍនភាព។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១២និង០៩នាទី រសៀល ដោយស្មារតីភាតរភាព សាមគ្គីភាព និង សេចក្តីសោមនស្សរីករាយក្រៃលែង។
ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
នៅសណ្ឋាគារ Hyatt Regency Phnom Penh