សិក្ខាសាលាស្តីពី “ការរាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល”
នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយ ន.គ.ស. និង CPA Australia រៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការរាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. កញ្ញា Hien Nguyen, Reginal Manager, CPA Australia North Vietnam។ សិក្ខាសាលានេះមានការចូលរួមពីសមាជិករបស់ វ.គ.ស.ក. សមាជិករបស់ CPA Australia នៅកម្ពុជា តំណាងស្ថាប័ន ឬក្រសួងពាក់ព័ន្ធ និងមន្ត្រីជំនាញសរុបប្រមាណជាង១០០ រូប។ ក្នុងនោះផងដែរ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. ក៏ជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សា ស្តីពី កាលានុវត្តភាព បញ្ហាប្រឈម ក្នុងការអនុវត្តស្តង់ដានេះ។ កម្មវិធីសិក្ខាសាលានេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណង៖
១.រាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល និង
២.បញ្រ្ជាបការយល់ដឹងបន្ថែមអំពីបច្ចុប្បន្នភាពថ្មីៗ និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាព។
សិក្ខាសាលាបានបញ្ចប់នាវេលាម៉ោង១២និង១០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។