កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារអន្តររដ្ឋាភិបាលស្ដីពីស្ដង់ដាអន្តរជាតិស្តីពីគណនេយ្យនិងការរាយការណ៍ ថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

វិច្ឆិកា 9, 2024

នាថ្ងៃពុធ-សុក្រ ៦-៨ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦-៨ ខែវិច្ឆិកា គ.ស.២០២៤ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងគណៈប្រតិភូរបស់និយ័តករគណនេយ្យនិងសវនកម្ម ដឹកនាំដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមកិច្ចប្រជុំលើកទី៤១​ នៃក្រុមការងារអ្នកជំនាញការអន្តររដ្ឋា​ភិបាល​ស្តីពីស្តង់ដាគណនេយ្យនិងការរាយការណ៍អន្តរជាតិ ដែលបានបង្កើតឡើងដោយ ECOSOC នាឆ្នាំ១៩៨៣។ ប្រទេស​កម្ពុជា​បានក្លាយជាសមាជិកនៃស្តង់ដាគណនេយ្យ​និងការរាយការណ៍​អន្តរជាតិ(International Standard of Accounting and Reporting)​ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយផ្តោតសំខាន់ទៅលើ​ប្រធាន​បទ​សំខាន់ចំនួន ២៖

1) ការត្រួតពិនិត្យទៅលើវឌ្ឍនភាពនៃការអនុវត្ត និងការរាយការណ៍ព័ត៌មានចីរភាព, ការអះអាងនិងក្រមសីលធម៌

2) ការរួមបញ្ចូលការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានចីរភាពនៃស្ថាប័ន ដោយប្រើប្រាស់បច្ចេកវិទ្យា

សូមជម្រាបផងដែរថា កម្ពុជានឹងត្រៀមខ្លួនអនុវត្តស្តង់ដាការរាយការណ៍ព័ត៌មានចីរភាព ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០៣០។