កិច្ចប្រជុំថ្នាក់តំបន់៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី ១៣៩

ធ្នូ 2, 2024

នាថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា គ.ស. ២០២៥ នៅទីក្រុងដាវ៉ាវ នាប្រទេសហ្វីលីពីន លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. តំណាងលោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៣៩ ដែលរៀបចំដោយវិទ្យាស្ថានគណនេយ្យករជំនាញហ្វីលីពីន (PICPA)។ កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគតនៃវិជ្ជាជីវៈគណនេយ្យ។

ព្រឹត្តិការណ៍នេះបានផ្តល់នូវវេទិកាដ៏ល្អសម្រាប់កិច្ចពិភាក្សាប្រកបដោយអត្ថន័យជាមួយសមាជិកក្នុងតំបន់ ដែលពេលនោះ វ.គ.ស.ក. ក៏បានចែករំលែកការត្រៀមខ្លួនក្នុងការក្លាយជាសមាជិកពេញសិទ្ធិនៃសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC)និងឆន្ទៈក្នុងការជំរុញវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក នៅ រ៉េមី ក៏បានជួបពិភាក្សាជាមួយ តំណាងACCA និង IFAC ស្តីពីការលើកកម្ពស់សមត្ថភាពរបស់គណនេយ្យជំនាញនៅកម្ពុជា។ កិច្ចពិភាក្សាទាំងនេះក៏បានផ្តោតជាសំខាន់លើការរក្សាគណនេយ្យករជំនាញនាំមុខក្នុងវិស័យនេះ និងការដាក់បញ្ចូលរបាយការណ៍ប្រកបដោយចីរភាពទៅក្នុងការកិច្ចការគណនេយ្យ ដោយផ្តល់សិទ្ធិដល់គណនេយ្យករឱ្យដឹកនាំនិងផ្តួចផ្តើមគំនិតលើការងារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

ក្នុងនាម វ.គ.ស.ក. លោក នៅ រ៉េមី ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៤០ និងសន្និសីទថ្នាក់តំបន់នៅខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យដោយបានពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។ វ.គ.ស.ក. សម្តែងនូវអំណរគុណដល់វិទ្យាស្ថានគណនេយ្យករជំនាញហ្វីលីពីន សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយក៏ទន្ទឹងរង់ចាំស្វាគមន៍ មកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ានលើកទី ១៤០ និងសន្និសីទថ្នាក់តំបន់ក្នុងខែឧសភា ឆ្នាំ២០២៥។