កិច្ចប្រជុំដើម្បីពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម រយៈពេល ១០ឆ្នាំ (២០២៣ -២០៣២)” និងភារកិច្ចបណ្តុះបណ្តាលស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម – Audit Practical Manual” និង “The ISA of LCE”
នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក អុឹង គឹម សុភ័ក្រ្តា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងក្រុមការងារលេខាធិការដ្ឋាន វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម រយៈពេល ១០ឆ្នាំ (២០២៣ -២០៣២)” និងភារកិច្ចបណ្តុះបណ្តាលស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម – Audit Practical Manual” និង “The ISA of LCE” ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យត្រួតពិនិត្យ និងមន្ត្រីនៃការិយាល័យត្រួតពិនិត្យនៃ ន.គ.ស.នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក.។ កិច្ចប្រជុំពិភាក្សាត្រូវបានធ្វើឡើងក្នុងគោលបំណង៖
– ពិភាក្សាលើតួនាទី និងភារកិច្ចដែល វ.គ.ស.ក. ត្រូវសហការនិងអនុវត្តជាមួយ ន.គ.ស. ដើម្បីរួមចំណែកមួយក្នុងការអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងការសម្រេចបានគោលដៅចុងក្រោយគឺ “ប្រព័ន្ធគណនេយ្យនិងសវនកម្ម ដែលរឹងមាំនិងអាចជឿទុកចិត្តបាន”
-និងការផ្ទេរភារកិច្ចបណ្តុះបណ្តាល “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម – Audit Practical Manual” មក វ.គ.ស.ក. ដើម្បីរៀបចំ និងសម្របសម្រួលការងារនេះបន្តផងដែរ។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១២និង១៥នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។