ការស្វែងរកមាគ៌ានៃការអភិវឌ្ឍសមាជិក និងការទទួលស្គាល់នៃស្ថាប័នវិជ្ជាជីវៈទាំងពីរ

ឧសភា 12, 2023

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់នៃសិង្ហបុរី (ISCA) ស្តីពី “ការស្វែងរកមាគ៌ានៃការអភិវឌ្ឍសមាជិក និងការទទួលស្គាល់នៃស្ថាប័នវិជ្ជាជីវៈទាំងពីរ” បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ ISCA នៃប្រទេសសិង្ហបុរី។
ខ្លឹមសារនៃអនុស្សរណៈនេះមានគោលបំណង
– សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីឱ្យសមាជិកនៃភាគីមួយអាចក្លាយជាសមាជិកនៃភាគីមួយទៀត
– សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលតាមរយៈការអភិវឌ្ឍនូវមាតិកាបណ្តុះបណ្តាលដែលអាចឆ្លើយតបទៅតាមតម្រូវការទីផ្សារ។
– ISCA នឹងជួយអភិវឌ្ឍសមាជិក វ.គ.ស.ក. និងវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជាតាមរយៈកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (train-the-trainer program)
– ភាគីទាំងពីរនឹងធ្វើការងាររួមគ្នាទៅលើកម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រងជាសាកលដើម្បីបង្កើតនូវច្រកលំហូរនៃការអភិវឌ្ឍអ្នកប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងប្រទេសកម្ពុជានិងសិង្ហបុរី។
– ភាគីទាំងពីរនឹងស្វែងរកឱកាសនៃការជួយសម្របសម្រួលទៅលើការចែករំលែកនូវធនធាន ការផ្លាស់ប្តូរចំណេះដឹង និងទំនាក់ទំនងផេ្សងៗរវាងកម្ពុជានិងសិង្ហបុរី។
– ភាគីនីមួយៗនឹងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរអភិវឌ្ឍន៍អាជីវកម្មទៅតាមដែនយុត្តាធិការរៀងៗខ្លួន។