
កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងលោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ក្នុងនោះលោក ជា ធួន ក៏ជាវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញស្តីពី “កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ជូនដល់សិស្សនិស្សិត គ្រឹះស្ថានអប់រំ និយោជក និងសាធារណជនប្រមាណ ៣៥០នាក់នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណង៖
១.ដើម្បីបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និង
២. ការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរបស់គណនេយ្យករជំនាញនៅកម្ពុជា។
សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង ១១ និង ៤៨នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។