សេចក្តីប្រកាសព័ត៌មាន ស្តីពីមហាសន្និបាតប្រចាំឆ្នាំលើកទី២០នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
សេចក្តីប្រកាសព័ត៌មាន
ស្តីពីមហាសន្និបាតប្រចាំឆ្នាំលើកទី២០នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
———————————
នារសៀលថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានប្រារព្ធកម្មវិធី “មហាសន្និបាតប្រចាំឆ្នាំលើកទី២០”របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ។ មហាសន្និបាតប្រចាំឆ្នាំលើកទី២០នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរាយការណ៍ជូនសមាជិកអំពី៖ (១). សមិទ្ធផលឆ្នាំ២០២២ (២). វឌ្ឍនភាពការងារឆ្នាំ២០២៣ (៣). សេចក្តីរាយការណ៍ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ (៤). ការយល់ស្របទៅលើរបាយការណ៍ហិរញ្ញវត្ថុរងសវនកម្មឆ្នាំ២០២២ (៥). ការជ្រើសរើសសវនករឯករាជ្យសម្រាប់ឆ្នាំ២០២៣ និង (៦). លទ្ធផលនៃការស្ទាបស្ទង់មតិពីសមាជិក។ មហាសន្និបាតនេះមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិករបស់ វ.គ.ស.ក. ជាច្រើនរូប នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។