សិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង”
នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក អុឹង គឹម សុភ័ក្រ្តា ប្រធានគណៈកម្មការបច្ចេកទេសនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង” ក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ សិក្ខាសាលាមានការចូលរួមពី លោក-លោកស្រី ជាតំណាងមកពីក្រុមហ៊ុនសវនកម្ម សមាគមធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្តជាច្រើនរូប។
សិក្ខាសិលាត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. បញ្ជ្រាបការយល់ដឹងដល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មអំពីនីតិវិធី និងគោលការណ៍នៃការចុះបញ្ជីទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង
២. និងដើម្បីសម្រួលដល់ការយល់ដឹងលើលក្ខខណ្ឌផ្សេងៗទៀតដែលជាកាតព្វកិច្ចត្រូវអនុវត្ត និងផ្តល់ជូនដល់ ន.ធ.ក.។
សិក្ខាសាលានេះបានបញ្ចប់នាវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលនៅបន្ទប់ប្រជុំធំ ជាន់ទី២ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។