វេទិកាជាតិគណនេយ្យឆ្នាំ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០”

តុលា 21, 2024

នាថ្ងៃព្រហស្បតិ៍-សុក្រ ១៥និង១៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧និង១៨ ខែតុលា គ.ស.២០២៤ និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) សហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.) និង ACCA Cambodia បានរៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីវេទិកាជាតិគណនេយ្យនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ កម្មវិធីវេទិកាជាតិគណនេយ្យដែលប្រារព្ធឡើងក្នុងឆ្នាំដំបូងនេះ បានផ្តោតជាសំខាន់ទៅលើ៖

– ទិដ្ឋភាពគោលនយោបាយ បទប្បញ្ញត្តិ និងផែនការអភិវឌ្ឍសម្រាប់វិស័យហិរញ្ញវត្ថុគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០

– បរិវិត្តកម្មឌីជីថលនិងនវានុវត្តន៍ក្នុងសេវាគណនេយ្យនិងសវនកម្ម

– ការដាក់ឱ្យដំណើរការថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអង្គភាពមិនស្វែងរកប្រាក់ចំណេញ

– លទ្ធផលនៃការសិក្សាស្រាវជ្រាវពីការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនគណនេយ្យ និងសវនកម្មក្នុងប្រទេសកម្ពុជា

– ការចែករំលែកនូវបទពិសោធ កាលានុវត្តភាព និងបញ្ហាប្រឈម

– លទ្ធផលនៃការសិក្សាស្តីអំពីអនាគតនៃមុខងារហិរញ្ញវត្ថុក្នុងឆ្នាំ ២០៣០

– សារៈសំខាន់នៃការអភិវឌ្ឍជំនាញ និងគុណវុឌ្ឍិដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០

ក្នុងនោះដែរ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ (វ.គ.ស.ក.) លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. ក៏ជាវាគ្មិនកិត្តិយសក្នុងការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាក្នុងកម្មវិធីវេទិកាជាតិគណនេយ្យនេះផងដែរ។

កម្មវិធីវេទិកាជាតិនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា និងមានការចូលរួមពីសំណាក់ សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ប្រមាណ២,៦៥០នាក់។