កិច្ចពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ AFA និងសន្និសីទផ្សេងៗ
នាថ្ងៃសុក្រ ៩ កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោក ជេន ផាត អគ្គនាយករង ន.គ.ស. អមដំណើរដោយ លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងមន្រ្តីជំនាញ ន.គ.ស. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន AFA (ASEAN Federation of Accountants) លើកទី១៣៦ ស្តីពី “កិច្ចពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ AFA និងសន្និសីទផ្សេងៗ” ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Crowne Plaza ប្រទេសឡាវ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ានជាច្រើនរូបដោយក្នុងនោះ លោក ឃុន ដារិទ្ធ និងលោក ជេន ផាត ក៏ជាវាគ្មិនកិត្តិយសក្នុងសន្និសីទស្តីពី “CLMV Reporting Conference 2023”។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃវិស័យគណនេយ្យនិងសវនកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នវិជ្ជាជីវៈក្នុងតំបន់ផងដែរ។ បន្ថែមពីលើនេះ កិច្ចប្រជុំក៏បានផ្តល់ជាធាតុចូលសំខាន់ៗ និងទិសដៅជាច្រើនសម្រាប់ AFA ក៏ដូចជា វ.គ.ស.ក. ក្នុងការកសាងនូវយុទ្ធសាស្រ្តរបស់ខ្លួនឱ្យស្របតាមយុទ្ធសាស្រ្តតំបន់និងពិភពលោក។ កិច្ចប្រជុំបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយយ៉ាងក្រៃលែង។