កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”
នាល្ងាចថ្ងៃ ពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា គ.ស. ២០២៥ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោក ឈួន ភារុន នាយកសាខានៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។
សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖
១.ការកាន់បញ្ញីគណនេយ្យបានត្រឹមត្រូវ
២.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង
៣.ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្សនិងនិស្សិត សរុប១៥០រូប នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។
សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ៨និង៤០នាទីយប់ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។