កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

Jan 21, 2025

នៅព្រឹកថ្ងៃ អង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា គ.ស. ២០២៥ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោក គក គីម នាយកសាខា នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ញីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១៥០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១០និង៤០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។