កិច្ចប្រជុំដើម្បីពិភាក្សា និងស្រាយបំភ្លឺលើប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង”
នាព្រឹកថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក អុឹង គឹម សុភ័ក្រ្តា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សា និងស្រាយបំភ្លឺលើប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងតំណាងពីក្រុមហ៊ុនគណនេយ្យនិងសវនកម្មដូចជា KPMG, Deloitte និង EY ផងដែរ នៅបន្ទប់ប្រជុំធំនៃន.ធ.ក.។ កិច្ចប្រជុំពិភាក្សាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងស្រាយបំភ្លឺចម្ងល់លើប្រការមួយចំនួនដែលក្រុមហ៊ុនគណនេយ្យនិងសវនកម្មត្រូវអនុវត្តក្នុងវិស័យធានារ៉ាប់រងកម្ពុជា ដែលមានចែងក្នុងប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង” ។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១និង០០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។