កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ និងការងារត្រូវរៀបចំបន្ត សម្រាប់កម្មវិធីវេទិកាជាតិគណនេយ្យឆ្នាំ២០២៤ ក្រោមប្រធានបទ​​​​ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០”

Oct 7, 2024

នារសៀលថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា គ.ស.២០២៤ នៅសាលប្រជុំនៃនិយ័តគណនេយ្យនិងសវនកម្ម លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ស្តីពី វឌ្ឍនភាពការងារ និងការងារត្រូវរៀបចំបន្ត សម្រាប់កម្មវិធីវេទិកាជាតិគណនេយ្យឆ្នាំ២០២៤ ក្រោមប្រធានបទ​​​​ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ កិច្ចប្រជុំត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃ នូវវឌ្ឍនភាពការងារ និងសកម្មភាពនានាក្នុងការរៀបចំវេទិកាជាតិគណនេយ្យឆ្នាំ២០២៤ និងដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជោគជ័យរបស់វេទិកាជាតិគណនេយ្យនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមដោយ លោក លោកស្រី អគ្គនាយករងនៃ ​ន.គ.ស. ថ្នាក់ដឹកនាំមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ACCA ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន DFC ក្រុមហ៊ុន Banhji និងក្រុមការងាររបស់ ន.គ.ស. ផងដែរ។