សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវីជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ”
នាព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវីជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ” លើកទី២ ជូនក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន (ភ្នាក់ងារសេវាកម្មពន្ធដារ) សម្រាប់ឆ្នាំ២០២៣។ សិក្ខាសាលាផ្សព្វផ្សាយនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី បែបបទ នីតិវិធីការស្នើសុំអាជ្ញាបណ្ណ និងសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ ជូនដល់ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន (ភ្នាក់ងារសេវាកម្មពន្ធដារ)។ ក្នុងនោះ កញ្ញា កឹង កែវពិសី មន្ត្រីសមាជិកភាពនៃ វ.គ.ស.ក. បានធ្វើបទបង្ហាញអំពី “សមាជិកភាពរបស់ វ.គ.ស.ក.” ផងដែរ។ កម្មវិធីនេះមានការចូលរួមពី តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន(ភ្នាក់ងារសេវាកម្មពន្ធដារ) សរុបចំនួនប្រមាណ ១១៦រូប នៅសណ្ឋាគារភ្នំពេញ ។