ការពង្រឹងចំណេះដឹងបច្ចេកទេស និងលើកទឹកចិត្តដល់បុគ្គលិកឱ្យសិក្សាជំនាញវិជ្ជាជីវៈគណនេយ្យ
ព្រឹកថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានចូលរួមផ្សព្វផ្សាយ អំពីសមាជិកភាពនិងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ដល់បុគ្គលិករបស់ក្រុមហ៊ុនខេ ភី អឹម ជ្ជី ខេមបូឌា (KPMG Cambodia) និងអ្នកចូលរួមផ្សេងៗទៀត ក្នុងកម្មវិធីដែលបានរៀបចំឡើងដោយក្រុមហ៊ុនខេ ភី អឹម ជ្ជី ខេមបូឌា (KPMG Cambodia) ស្តីពី “ការពង្រឹងចំណេះដឹងបច្ចេកទេស និងលើកទឹកចិត្តដល់បុគ្គលិកឱ្យសិក្សាជំនាញវិជ្ជាជីវៈគណនេយ្យ” ចាប់ពីម៉ោង ៩និង៣០នាទីព្រឹក នៅការិយាល័យក្រុមហ៊ុនខេ ភី អឹម ជ្ជី ខេមបូឌា (KPMG Cambodia)។ កម្មវិធីនេះមាន ការជជែក និងពន្យល់ពីក្រុមការងារ វ.គ.ស.ក. និងការចូលរួមឆ្លើយសំណួរយករង្វាន់យ៉ាងសប្បាយរីករាយ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បី៖
១. ផ្សព្វផ្សាយដល់បុគ្គលិកក្រុមហ៊ុន KPMG និងអ្នកចូលរួមសិក្សាស្វែងយល់កាន់តែច្បាស់ពី វ.គ.ស.ក.
២. ពន្យល់ពីការចូលជាសមាជិករបស់ វ.គ.ស.ក. និង
៣. ផ្សព្វផ្សាយអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ដល់បុគ្គលិកក្រុមហ៊ុន KPMG ដែលកំពុងបម្រើការងារផ្នែកគណនេយ្យបានសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ផងដែរ។
កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង១១និង០០នាទីព្រឹកប្រកបដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលក្រៃលែង។