កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”

មេសា 25, 2025

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស.២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងលោក ជា ធួន នាយករងប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ក្នុងនោះលោក ជា ធួន ក៏ជាវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញស្តីពី “កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ជូនដល់សិស្សនិស្សិត គ្រឹះស្ថានអប់រំ និយោជក និងសាធារណជនប្រមាណ ៣៥០នាក់នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណង៖

១.ដើម្បីបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និង

២. ការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរបស់គណនេយ្យករជំនាញនៅកម្ពុជា។

សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង ១១ និង ៤៨នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។