វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សុំសេចក្ដីសុខ សិរីសួស្ដី ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សុំសេចក្ដីសុខ សិរីសួស្ដី ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ បន្ទាប់ពីពិធីសូត្រមន្ត ចំរើនព្រះបរិត្ត លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងក្រុមការងារនៃលេខាធិការដ្ឋាន វ.គ.ស.ក. ទាំងអស់បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួន២អង្គ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ លោកស្រី សាវុធ ដាលី និងក្រុមការងារនៃលេខាធិការដ្ឋាន ទាំងអស់បានបួងសួង ដល់ទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី បុត្រីទី៧ របស់កបិលមហាព្រហ្ម សូមជួយតាមថែរក្សាការពារ និងសូមពរជ័យសិរីមង្គលក្នុងការប្រកបការងារឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យសមាជិក វ.គ.ស.ក. ទាំងអស់ ឱ្យជួបតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។